fbpx

Pointer

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់ក្លាយជាម្ចាស់គេហដ្ឋានផ្ទាល់ខ្លួន។ ប៉ុនែ្តការជ្រើសរើសគេហដ្ឋានដែលខ្លួនពេញចិត្តមិនមែនមានជារឿងងាយស្រួលនោះទេ។ ការ​ទិញ​អចលនទ្រព្យ​មាន​រឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ការ​ត្រិះរិះ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ ដូច​ជា​បញ្ហា​ទាក់​ទង​នឹង​ផ្លូវ​ច្បាប់​ ហិរញ្ញ​វត្ថុ​ ប្រភេទ​អចលនទ្រព្យ​ ម្ចាស់​គម្រោង​ ទី​ផ្សារ​អចលនទ្រព្យ​ និង​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​គួរ​ស្វែង​យល់។ ប្រសិន​ជា​អ្នក​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ពី​មុន​មកនោះទេ​ ការទិញ​ផ្ទះ​តាម​រយៈ​ភ្នាក់ងារ​អចលនទ្រព្យ​អាច​ជា​រឿង​ត្រឹមត្រូវ​មួយ​ដែល​អ្នក​គួរ​ធ្វើ។ ខាង​ក្រោម​នេះ​ ជា​មូលហេតុ​7​យ៉ាង​ ដែល​អ្នក​គួរ​ពឹង​ផ្អែក​លើ​ភ្នាក់ងារ​អចលន​ទ្រព្យ​នៅ​ពេល​ទិញ​គេហដ្ឋាន។

1. ភ្នាក់ងារ​អចលនទ្រព្យយល់ដឹងពីទីផ្សារយ៉ាងច្បាស់លាស់

ភ្នាក់ងារអចលនទ្រព្យ មានចំណេះដឹង​​ និងជំនាញច្បាស់លាស់ដែលអាចជួយអ្នកក្នុងការទិញគេហដ្ឋាន។ ភ្នាក់ងារអចលនទ្រព្យដឹងព័ត៌មានទីផ្សារក្នុងក្រៅយ៉ាងលម្អិត។ ពួកគាត់ដឹងពីព័ត៌មាន អចលនទ្រព្យដែលលក់រួច ឬកំពុងដាក់លក់ និងតម្លៃអចលនទ្រព្យនៅលើទីផ្សារ។ ដូចនេះភ្នាក់ងារអចលនទ្រព្យអាចពិភាក្សាផ្តល់យោបល់ជូនអ្នក ដើម្បីការពារអ្នកពីការទិញផ្ទះក្នុងតម្លៃថ្លៃលើសពីតម្លៃទីផ្សារ។ លើសពីនេះទៅទៀត ភ្នាក់ងារអចលនទ្រព្យក៏អាច ដឹងពីព័ត៌មានអចលនទ្រព្យដាក់លក់ ដែលមិនមានដាក់ប្រកាសផ្សព្វផ្សាយលើបណ្តាញសង្គមផ្សេងៗ។

2. ភ្នាក់ងារ​អចលនទ្រព្យដឹងពីព័ត៌មានតំបន់មានសក្តានុពល

នៅពេលដែលទិញគេហដ្ឋាននៅទីតាំងថ្មី អ្នកអាចនឹងពុំមានចំណេះដឹងគ្រប់គ្រាន់ពីទីតាំង ដែលស្ថិតនៅជុំវិញតំបន់នោះ។ ផ្ទុយទៅវិញសម្រាប់ភ្នាក់ងារអចលនទ្រព្យពួកគាត់អាចធ្លាប់ទៅទីតាំងនោះ ឬអាចធ្លាប់លក់អចលនទ្រព្យនៅជិតតំបន់នោះពីមុនមក។ ដូចនេះភ្នាក់ងារអចលនទ្រព្យអាចប្រើប្រាស់បណ្តាញព័ត៌មានដែលពួកគាត់មាន ហើយជូនដំណឹងទៅអ្នកអំពីគម្រោងថ្មីៗដែលបម្រុងនឹងសាងសង់ ឬកំពុងសាងសង់ដែលអាចជាអត្ថប្រយោជន៍ដល់ធំមួយសម្រាប់អ្នក។

3. ពឹងផ្អែកភ្នាក់ងារអចលនទ្រព្យ អ្នកចំណេញពេលវេលា

នៅពេលអ្នកពឹងភ្នាក់ងារអចលនទ្រព្យ អ្នកអាចចំណេញពេលវេលា ដែលអ្នកត្រូវចំណាយក្នុងការស្វែងរកផ្ទះដោយខ្លួនឯង។ ភ្នាក់ងារអចលនទ្រព្យដែលប្រកបដោយវិជ្ជាជីវៈ នឹងធ្វើការស្រាវជ្រាវព័ត៌មានពីផ្ទះដែលអ្នកពេញចិត្ត ដូចជាទំហំ ទីតាំង និងលក្ខណៈពិសេសផ្សេងៗទៀត។ បន្ទាប់មកភ្នាក់ងារអចលនទ្រព្យ នឹងយកព័ត៌មានទាំងនោះទៅពិគ្រោះជាមួយអ្នកដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងសម្រេចចិត្តទិញផ្ទះ។

4. ភ្នាក់ងារអចលនទ្រព្យដើរតួជាអ្នកចរចា

ភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៌អាចមើលឃើញពីបញ្ហារបស់គេហដ្ឋាន ដែលអ្នកអាចនឹងមិនដឹង។ ពួកគាត់វាយតម្លៃ​ និងត្រួតពិនិត្យគេហដ្ឋានយ៉ាងលម្អិត ហើយភ្នាក់ងារអចលនទ្រព្យអាចជួយចរចានូវបញ្ហាដែលគួរឲ្យកែតម្រូវ ឬចរចាក្នុងការបញ្ចុះតម្លៃផ្ទះ។

5. ភ្នាក់ងារអចលនទ្រព្យអាចស្វែងរកផ្ទះសមស្របសម្រាប់អ្នក

មុននឹងទិញផ្ទះ អ្នកបានគិតរួចជាស្រេច ថាចង់បានផ្ទះរបៀបណា ចំនួនបន្ទប់គេង បន្ទប់ទឹក អាងហែលទឹក និងរបស់ផ្សេងៗទៀត។ ប៉ុន្តែការស្វែងរកផ្ទះក្នុងក្តីស្រមៃ ហើយសមស្របនឹងថវិការបស់អ្នកមិនងាយស្រួលទេ ហើយត្រូវចំណាញពេលវេលាច្រើនទៀត។ ដូច្នេះហើយ ទើបត្រូវការពឹងពាក់ភ្នាក់ងារអចលនទ្រព្យ។ ជាធម្មតា ភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍ ស្គាល់ផ្ទះគ្រប់ប្រភេទនៅលើទីផ្សារអចលនទ្រព្យ ហើយពួកគាត់នឹងខិតខំស្វែងរកផ្ទះដែលសមនឹងតម្រូវការរបស់អ្នក ដើម្បីឲ្យការទិញផ្ទះរបស់អ្នកមានភាពងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់។

6. ភ្នាក់ងារអចលនទ្រព្យមានបណ្តាញទំនាក់ទំនងច្រើន

បណ្តាញអាជីពអចលនទ្រព្យមិនដូចបណ្តាញអាជីវកម្មផ្សេងទៀតដែលអ្នកប្រហែលជាធ្លាប់ស្គាល់នោះទេ។ ភ្នាក់ងារអចលនទ្រព្យតែងតែងប្រាស្រ័យទាក់ទងគ្នាពីរឿងអចលនទ្រព្យ។ ដោយសារពួកគាត់មានបណ្តាញព័ត៌មានច្រើន ដូចនេះហើយពួកគាត់អាចដឹងថា អចលនទ្រព្យនៅតំបន់ ឬទីតាំងណាល្អដែលស័ក្កិសមសម្រាប់ទិញ ឬវិនិយោគ។

7. ភ្នាក់ងារអចលនទ្រព្យយល់ពីភាពស្មុគស្មាញនៃប្រតិបត្តិការ

ភ្នាក់ងារអចលនទ្រព្យយល់ពីដំណើរការស្មុគស្មាញទាំងអស់ដែលកើតឡើងនៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យ។ ភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍នឹងដឹងពីឯកសារ និងបញ្ហាផ្លូវច្បាប់យ៉ាងច្បាស់លាស់។ ក្រៅពីនេះភ្នាក់ងារអចលនទ្រព្យក៏អាចជួយអ្នកក្នុងការតាមដាន និងត្រៀមឯកសារ កុងត្រា កិច្ចសន្យានិងច្បាប់ចម្លងជាច្រើនទៀត ដើម្បីបង្កឲ្យមានភាពងាយស្រួលសម្រាប់អ្នកក្នុងកាចុះហត្ថលេខា ដូច្នេះអ្នកនឹងទទួលបានគេហដ្ឋានដែលសមស្របតាមច្បាប់ត្រឹមត្រូវ។