ការសម្រេចចិត្តទិញផ្ទះត្រូវបានចាត់ទុកថាជាការសម្រេចចិត្តមួយដ៏ធំធេងសម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះយើងត្រូវការគិតគូរឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនេះ។ ជាពិសេស អ្នកដែលមិនធ្លាប់មានបទពិសោធន៍ទិញផ្ទះកន្លងមក ពោលគឺបទពិសោធន៍ថ្មីថ្មោងក្នុងការទិញដើម្បីស្នាក់នៅ ឬវិនិយោគ គួរធ្វើការត្រិះរិះពិចារណា និងស្វែងយល់ពីហេតុផលមួយចំនួនសិន ដើម្បីចៀសវាងការខាតបង់ និងវិប្បដិសារីនៅថ្ងៃក្រោយ។
មុននឹងធ្វើការថ្លឹងថ្លែងថាតើ អ្នកគួរសម្រេចចិត្តទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់ឬគួរទិញបន្តពីម្ចាស់ផ្ទះមួយទៀត មកស្វែងយល់ឲ្យកាន់តែសុីជម្រៅពីភាពខុសគ្នារវាងការទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់ និងការទិញផ្ទះតពីម្ចាស់មួយទៀតជាមុនសិន។ ការទិញអចលនទ្រព្យដូចជាផ្ទះ ឬខុនដូក្នុងដំណាក់កាលគម្រោងកំពុងសាងសង់នោះមានន័យថា អ្នកធ្វើការទិញពីអ្នកអភិវឌ្ឍន៍ឬម្ចាស់គម្រោងផ្ទាល់តែម្ដង ប៉ុន្តែអ្នកមិនទាន់អាចរើឥវ៉ាន់ចូលទៅនៅបានភ្លាមៗនោះទេ ដោយគម្រោងនីមួយៗអាចចំណាយពេលពី២-៥ឆ្នាំដើម្បីបញ្ចប់ដំណើរការសាងសង់។ ដោយឡែក សម្រាប់ការទិញផ្ទះឬខុនដូដែលដាក់លក់ឡើងវិញ មានន័យថាអ្នកធ្វើការទិញបន្តពីម្ចាស់ដែលមានគេហដ្ឋានសាងសង់រួចជាស្រេច ហើយធ្លាប់បានរស់នៅផ្ទះនោះកន្លងរួចមកហើយ។
ខាងក្រោមនេះជាមូលហេតុមួយចំនួន ដែលអ្នកគួរយកមកថ្លឹងថ្លែង មុននឹងធ្វើការសម្រេចចិត្ត។
ការទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់
១. តម្លៃធានានឹងកើនឡើង
ភាគរយច្រើនគឺអ្នកទិញទទួលបានផ្ទះក្នុងតម្លៃសមរម្យអាចទទួលយកបាន ព្រមទាំងទទួលបានផលចំណេញទៅថ្ងៃមុខបន្ទាប់ពីផ្ទះបានសាងសង់រួច ពីចន្លោះ១០%-៣០% ទៅតាមស្ថានភាពទីផ្សារអចលនទ្រព្យជាក់ស្តែង។
២. លក្ខខណ្ឌបង់ប្រាក់អំណោយផល
អ្នកពុំចាំបាច់មានលុយទាំងដុំដើម្បីទៅទិញនោះទេ ដោយសារមានជម្រើសក្នុងការបង់ប្រាក់ងាយស្រួល ដោយអ្នកអាចធ្វើការបង់រំលស់ត្រឹម ១០% ២០% ឬច្រើនជាងនេះទៅតាមគម្រោងនីមួយៗ។ កាន់តែពិសេសទៀតនោះ គម្រោងខ្លះអនុញ្ញាតឲ្យអ្នកធ្វើការបង់រំលស់សុទ្ធ១០០%តែម្តង ពោលគឺរំលស់រយៈពេលវែងប្រចាំខែ។
៣. មិនបាច់ចំណាយលើថ្លៃកែលម្អឡើងវិញ
ផ្ទុយពីការទិញផ្ទះបន្តពីម្ចាស់មួយទៀត គុណសម្បត្តិដ៏ចម្បងមួយនៃការទិញមុនពេលគម្រោងកំពុងសាងសង់គឺអ្នកមិនចាំបាច់ចំណាយថវិកាបន្ថែមទៅលើការលាបថ្នាំថ្មី ជួសជុលកែលម្អ ឬផ្លាស់ប្តូរសម្ភារចាស់គំរឹលមួយចំនួនឡើយ ពោលគឺគ្រាន់តែត្រៀមខ្លួនរើឥវ៉ាន់ចូលទៅនៅជាការស្រេច។
៤. ទទួលបានការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃផ្សេងៗ
គុណសម្បត្តិមួយទៀតនៃការទិញមុនគម្រោង គឺការទទួលបាននូវតម្លៃប្រូម៉ូសិនពិសេស ក៏ដូចជាការថែមជូនផ្សេងៗទៅតាមគម្រោងនីមួយៗ ដោយអ្នកអភិវឌ្ឍន៍គម្រោងព្យាយាមធ្វើយ៉ាងណាឲ្យគម្រោងរបស់ខ្លួនមានទីផ្សារប្រកួតប្រជែងជាមួយគម្រោងផ្សេងៗទៀត។ ដូច្នេះវាជាឱកាសស្វែងរកផលចំណេញដ៏ល្អមួយ សម្រាប់អ្នកទិញទុកដើម្បីស្នាក់នៅ ឬវិនិយោគ។
ការទិញផ្ទះដែលដាក់លក់ឡើងវិញ
១. អ្នកអាចរើឥវ៉ាន់ចូលទៅនៅភ្លាមៗបន្ទាប់ពីផ្ទេរប្លង់កម្មសិទ្ធិរួច
ផ្ទុយពីការទិញផ្ទះមុនគម្រោងកំពុងសាងសង់ គុណសម្បត្តិនៃការទិញផ្ទះបន្តគឺអ្នកអាចចូលទៅនៅភ្លាមៗ ដោយមិនចាំបាច់រង់ចាំដល់ទៅ២-៣ឆ្នាំរហូតសំណង់គេហដ្ឋានត្រូវបានបញ្ចប់។
២. មានហានិភ័យតិច
ចំពោះការទិញមុនគម្រោង ប្រសិនបើអ្នកមិនបានធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ពីអ្នកអភិវឌ្ឍន៍គម្រោងនោះទេ ពេលខ្លះវាអាចបង្កហានិភ័យខ្ពស់ ដោយសារអ្នកអភិវឌ្ឍន៍ធ្លាប់មានប្រវត្តិមិនល្អសម្រាប់គម្រោងរបស់ខ្លួនកន្លងមក ដោយគ្មានទំនួលខុសត្រូវ ដំណើរការសាងសង់អាចនឹងត្រូវពន្យារពេល សំណង់គ្មានគុណភាព គ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងប្លង់មេគម្រោងអាចនឹងខុសពីភាពពិតជាក់ស្តែង នៅពេលគម្រោងកំពុងសាងសង់រួច។ ដូច្នេះសម្រាប់ការទិញផ្ទះបន្ត គឺអ្នកធ្វើការសម្រេចចិត្តទិញជាមួយអ្វីដែលអ្នកមើលឃើញជាក់ស្តែង ទាំងគុណភាពសំណង់ ទាំងគ្រឿងបរិក្ខារផ្សេងៗរបស់គម្រោងទាំងមូល។
៣. អ្នកអាចប៉ាន់ស្មានបានពីបរិយាកាសទូទៅក្នុងគម្រោង និងជុំវិញគម្រោង
អ្នកប្រហែលធ្លាប់ឮពាក្យមួយឃ្លានេះហើយថា “ចង់ទិញផ្ទះកុំឲ្យលេចទឹក គួរទិញខែភ្លៀង”។ វាអាចជារឿងគួរត្រិះរិះពិចារណាដែរ ដោយហេតុថា ប្រសិនជាយើងទិញផ្ទះមុនគម្រោង យើងអាចនឹងមិនអាចធ្វើការប៉ាន់ស្មានបានពីតថភាពជាក់ស្តែងពេលគម្រោងបញ្ចប់ដំណើរការសាងសង់។ ផ្ទុយទៅវិញ ការទិញផ្ទះបន្តអាចឲ្យយើងដឹងពីស្ថានភាពជាក់ស្តែងពីគម្រោងនោះ។ យើងក៏អាចដឹងច្បាស់ថាតើតំបន់នោះមានសុវត្ថិភាពកម្រិតណា មានកន្លែងសំខាន់ៗណាខ្លះស្ថិតក្នុងតំបន់នោះស្រាប់។ ល។
អញ្ចឹង! ជម្រើសមួយណាល្អបំផុតសម្រាប់ខ្ញុំ?
សរុបមកវិញ តើមួយណាគឺជាជម្រើសល្អជាងគេ? ចម្លើយដ៏ល្អបំផុត គឺខ្លួនអ្នកផ្ទាល់ ដែលអាចដឹងច្បាស់ពីតម្រូវការជាក់ស្តែងក៏ដូចជាអាចថ្លឹងថ្លែងថាតើជម្រើសមួយណាសមស្របបំផុតសម្រាប់ខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ ប្រសិនជាអ្នកមានផ្ទះផ្ទាល់ខ្លួនហើយ ប៉ុន្តែមានតម្រូវការវិនិយោគដើម្បីយកផលចំណេញទៅថ្ងៃអនាគតពីការដាក់ជួល ឬលក់ឡើងវិញ នោះការទិញផ្ទះមុនគម្រោងអាចជាជម្រើសល្អ។ ផ្ទុយទៅវិញ ប្រសិនជាអ្នកមានតម្រូវការស្នាក់នៅ ចង់រើឥវ៉ាន់ចូលទៅនៅភ្លាមៗ នៅទីតាំងជាក់លាក់ណាមួយដែលអ្នកគិតថាសមស្របសម្រាប់ស្ថានភាពជាក់ស្តែងរបស់អ្នក ក៏ដូចជាក្រុមគ្រួសារផ្ទាល់ នោះការទិញបន្តពីម្ចាស់មួយទៀតអាចជាជម្រើសល្អក៏ថាបាន។