ខេត្តសៀមរាបត្រូវបានគេចាត់ទុកថា ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយក្នុងពិភពលោក ដែលខេត្តនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ មុនវត្តមានរបស់ជំងឺរាតត្បាតកូវីដ១៩។ សៀមរាបសម្បូរទៅដោយភោគផលធម្មជាតិ មានបឹងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ព្រៃ ភ្នំ ប្រាង្គប្រាសាទជាច្រើនដែលជាកេរ្តិ៍ដំណែលមិនអាចកាត់ថ្លៃបានពីបុព្វបុរសខ្មែរ អគារដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង សារមន្ទីរ ឧទ្យានវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃជាច្រើនទៀត។
លើសពីនេះ សៀមរាប បាននិងកំពុងប្រែក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលខ្លាំងក្លាបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដោយមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា៖
១. គម្រោងព្រលានយន្តហោះថ្មីសៀមរាបដែលនឹងក្លាយជាព្រលានយន្តហោះធំជាងគេក្នុងប្រទេសកម្ពុជា និងមានវិសាលភាពធំជាងព្រលានយន្តហោះអន្តរជាតិសៀមរាបសព្វថ្ងៃដល់ទៅ៣ដង ដែលអាចទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជា១០លាននាក់ក្នុងមួយឆ្នាំៗ។ គម្រោងនេះ ត្រូវបានកសាងឡើងលើទំហំផ្ទៃដីដល់ទៅជាង៧០០ ហិកតា ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅ៩០០ លានដុល្លារអាមេរិកឯណោះ។
២. គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនដែលជាការបណ្តាក់ទុនជាង៧០ លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group ដើម្បីសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដ៏ធំក៏មានវត្តមានក្នុងក្រុងអង្គរ ខេត្តសៀមរាបផងដែរ។ មជ្ឈមណ្ឌលវប្បធម៌ដ៏ធំសម្បើមមួយនេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៣ ហិកតា ដែលក្រោយពេលសាងសង់រួច ឧទ្យាននេះនឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌រួមមាន រោងមហោស្រពអង្គរញញឹម អាចស្វាគមន៍ភ្ញៀវដល់ទៅ ១៥០០កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។
៣. គម្រោងសួនសត្វលំដាប់ពិភពលោក ស្ថិតក្នុងដំណាក់កាលសាងសង់យ៉ាងមមាញឹក ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឺឃ្វារៀម (Angkor Wildlife and Aquarium)។ សួនសត្វនេះ ជាទីតាំង ជលវប្បដ្ឋាន ឬអាងសម្រាប់ចិញ្ចឹមត្រីទឹកសាប ត្រីទឹកប្រៃ និងជម្រកអភិរក្សសត្វដ៏ធំនៅខេត្តសៀមរាប។
សួនសត្វនេះ មានឈ្មោះថា «ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angkor Aquarium & Animal Kingdom)» ដែលកំពុងនឹងសាងសង់នៅលើផ្ទៃដី ១០០ហិកតា ក្រោមទុនវិនិយោគ ៧០លានដុល្លារ ចែកចេញជាបីដំណាក់កាល។
៤. ដោយយោងលើសមិទ្ធផលដ៏ជោគជ័យរបស់ខ្លួនកន្លងមក ដែលធ្លាប់បានទទួលពានរង្វាន់ជាច្រើនជាមួយនឹងរមណីយដ្ឋានកោះសង្សារ ដែលជារមណីយដ្ឋានលក្ខណៈឯកជនគុណភាពកម្រិតស្តង់ដារពិភពលោក ក្រុមហ៊ុន Song Saa Collective បានទិញដីចំនួន៤០០ ហិកតានៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងបានបញ្ជាក់ថា នឹងវិនិយោគដំបូង ៣លានដុល្លារ ទៅលើគម្រោង Song Saa Reserve ដើម្បីសាងសង់ផ្ទះបឹងហ្គាឡូ វីឡា ផ្ទះស្នាក់នៅ សួនសត្វក្នុងបឹងធម្មជាតិ អាងហែលទឹក កន្លែងម៉ាស្សា ស្ប៉ា និងសាលារៀនជាដើម។
ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះ ដែលនឹងធ្វើឲ្យខេត្តសៀមរាបប្រែក្លាយជាទិសដៅដ៏មានសក្តានុពលទ្វេដង ក៏នឹងមានគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ មានប្រវែងសរុបជិត ១០៩ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លានដុល្លារអាមេរិក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមគ្នានេះរដ្ឋាភិបាលក៏បានត្រៀមថវិកា ៥លានដុល្លារ ដើម្បីស្តារ និងកែលម្អដងស្ទឹងសៀមរាបផងដែរ។ គម្រោងទាំងពីរនេះនឹងជួយលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប ដើម្បីបង្កើនភាពទាក់ទាញ ក៏ដូចជាត្រៀមស្វាគមន៍នៃការមកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ត្រូវបានថមថយ។